ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការគោលស្ដីពីការគ្រប់គ្រងលើទ្រព្យសម្បតិ្តរដ្ឋឆ្នាំ២០២៥-២០៣៥ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា ផែនការគោលស្ដីពីការគ្រប់គ្រងលើទ្រព្យសម្បតិ្តរដ្ឋឆ្នាំ២០២៥-២០៣៥ គឺជាសមិទ្ធផលថ្មីមួយនៃការកែទម្រង់ដែលនឹងតម្រង់ទិសការអនុវត្ត និងពង្រឹងបន្ថែមលើច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ និងសម្រាប់ជំរុញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងរួមចំណែកកសាងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋនៅកម្ពុជាឆ្ពោះទៅរកស្ដង់ដា និងឧត្តមានុវត្តន៍ជាអន្តរជាតិ។
សូមបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានកសាងលិខិតបទដ្ឋានគតិយុត្តនានា និងរៀបចំច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋក្នុងបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋកាន់តែម៉ត់ចត់ និងរឹងមាំ ដើម្បីធានានូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអភិរក្ស និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសមស្របតាមសេចក្តីត្រូវការរបស់សង្គម ៕


















