ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ។
សារលិខិតរបស់ឯកឧត្តម សុខ សូកេន ផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ មានខ្លឹមសារដូច្នេះថា៖
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាចម្រើនជន្មាយុរបស់ ឯកឧត្តម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួងអធិការកិច្ច និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា សូមសម្តែងនូវអំណរសាទរពោរពេញ ដោយមនោសញ្ចេតនាគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរមហាប្រសើរថ្លៃថ្លាចំពោះ ឯកឧត្តម ទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូណ៍ និងជន្មាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ គោរពជូន ឯកឧត្តម ដែលបានខិតខំលះបង់យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញបេសកកម្ម និង ភារកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លាក្នុងវិស័យព័ត៌មាន និងសេរីភាពបញ្ចេញមតិ នាពេលកន្លងទៅ ជាពិសេស ឯកឧត្តម បានចូលរួមកសាងសន្តិភាព ការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គមជាតិ ក្នុងបុព្វហេតុ ដ៏ឧត្តុង្គឧត្តម “ជាតិ សាសនា ព្រះមហាក្សត្រ”។
នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែ រក្សានិងអភិបាលប្រោះព្រំសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបតែនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


