ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអង្គភាពពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការ និងធ្វើការរាយការណ៍នូវតម្រូវការជាក់ស្តែង នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងរបស់យោធាថៃ ដើម្បីសិក្សាវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ភីសុីធី www.pcttvonline.com.kh ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។លេខទំនាក់ទំនង 012278721
គេហទំព័រ (www.pcttvonline.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអង្គភាពពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការ និងធ្វើការរាយការណ៍នូវតម្រូវការជាក់ស្តែង នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងរបស់យោធាថៃ ដើម្បីសិក្សាវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបូកសរុបផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ និងការរៀបចំផែនការសកម្មភាពសម្រាប់ធ្វើការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ 

កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អភិបាលស្រុក/ក្រុង ប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្ត និងប្រតិបត្តិករដោះមីន។

ក្នុងជម្លោះប្រដាប់កន្លងទៅនេះ ខេត្តឧត្តរមានជ័យ បានទទួលការខូចខាត និងរងការបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ក្នុងនោះរួមមាន ផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ទីសក្ការៈបូជា និងវត្តអារាម ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់ថៃ ហើយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវបានជម្លៀសទៅទីតាំងសុវត្ថិភាព។ ផលប៉ះពាល់ទាំងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះនោះ តម្រូវឱ្យមានការសិក្សាវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការបោសសម្អាតជាមុន មុននឹងការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកសម្រាប់បំពេញសកម្មភាពប្រចាំថ្ងៃ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ខេត្តឧត្តរមានជ័យ ធ្លាប់ទទួលរងផលប៉ះពាល់រួចមកហើយដោយសារសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងបានបន្សល់ទុកនូវមរតកសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ រយៈពេលជាង ៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាល រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិការដោះមីន និងភាគីពាក់ព័ន្ធដទៃទៀត បានរួមសហការគ្នាធ្វើការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២៩៦គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១០៦.៧១២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៧៨៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ចំនួន ១០០.៥៥៨គ្រាប់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀត ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងនេះ ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធកម្ពុជា-ថៃរយៈពេល ០៥ថ្ងៃថ្មីៗ យោធាថៃ បានបន្សល់នូវយុទ្ធភណ្ឌគ្រឿងផ្ទុះយ៉ាងច្រើនបន្ថែមទៀត ព្រមទាំងបន្ថែមនូវបន្ទុកជាទម្ងន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីធ្វើការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ព្រមទាំងបង្កឱ្យមានការខូចខាតដល់សំណង់សាធារណៈ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានសម្តែងនូវការសោកស្តាយចំពោះការខូចខាត និងការបំផ្លិចបំផ្លាញដោយយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់យោធាថៃ ដែលឯកឧត្តមចាត់ទុកទង្វើរបស់យោធាថៃ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខសន្តិភាពរបស់កម្ពុជាដែលបានមកយ៉ាងលំបាក និងភាពសុខដុមរបស់ប្រជាជនកម្ពុជា។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ និងដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋសម្រាប់ការបំពេញសកម្មភាពប្រចាំថ្ងៃវិញ អាជ្ញាធរមីន រួមសហការជាមួយរដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធ បានចុះពិនិត្យវាយតម្លៃដោយផ្ទាល់នូវផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ព្រមទាំងបានចាត់ជាផែនការអាទិភាពក្នុងការបោសសម្អាតឱ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាគាំទ្រដល់ការកសាងនិងការស្តារឡើងវិញដល់សហគមន៍មូលដ្ឋាន ដើម្បីផ្តល់នូវក្តីសង្ឃឹម និងភាពថ្លៃថ្នូរជូនប្រជាពលរដ្ឋ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា អាជ្ញាធរមីន ត្រៀមខ្លួនជានិច្ចក្នុងការដឹកនាំ សម្របសម្រួល និងសហការជាមួយប្រតិបត្តិករជាតិស៊ីម៉ាក់ ធ្វើការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតំបន់ដែលទទួលរងផលប៉ះពាល់ទាំងនោះ ស្របតាមការចាំបាច់ និងកាលៈទេសៈជាក់ស្តែង។ 

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការរាយការណ៍នូវតម្រូវការជាក់ស្តែងរបស់ខ្លួននៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងទាំងនោះ និងផ្តល់កិច្ចសហការដើម្បីសិក្សាវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ទាំងយប់ទាំងថ្ងៃ ការទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងការដោះស្រាយ និងរៀបចំទីជម្រកបណ្តោះអាសន្ន ការផ្ដល់ជំនួយ ការការពារសន្តិសុខ ការថែទាំសុខភាព និងការគាំទ្រផ្លូវចិត្តដល់ជនភៀសសឹក ដើម្បីធានាបាននូវភាពសុខសាន្តជូនពួកគាត់ ស្របតាមគោលដៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ៕















Post a Comment (0)
Previous Post Next Post